ក្រពើសៀម ឬក្រពើភ្នំ គឺជាឈ្មោះដែលអ្នកភូមិបានហៅតាមការចូលចិត្តរបស់ពួកគាត់ វាជាសត្វក្រពើដែលជិតផុតពូជ រស់នៅតាមដងស្ទឹងអារ៉ែង នៅក្នុងត្រពាំងបបុសតូច និងត្រពាំងបបុសធំ។ សត្វប្រភេទនេះមិនបង្ករគ្រោះថ្នាក់ដល់មនុស្សទេ ហើយភ្ញៀវទេសចរអាចមើលឃើញពួកវាបាន ដោយធ្វើការរង់ចាំដោយស្ងប់ស្ងាត់។ គម្រោងអភិរក្សនានារបស់អង្គការក្រៅរដ្ឋាភិបាល កំពុងធ្វើការអភិរក្សសត្វក្រពើក្នុងតំបន់នេះ។
ជារៀងរាល់ឆ្នាំ ក្នុងខែមីនា ប្រជាជនមូលដ្ឋានរៀបចំពិធីបុណ្យនេសាទនៅក្នុងបឹង។ ក្រពើជាច្រើនរស់នៅក្នុងតំបន់នោះ ប៉ុន្តែអ្នកភូមិបន់ស្រន់សុំការការពារ មុននឹងចូលទៅក្នុងទឹកដើម្បីចាប់ត្រី។ ព័ត៌មានបន្ថែមអំពីពិធីបុណ្យអាចរកបាននៅស្នាក់ការសហគមន៍។